ប្លង់គោលរាជធានីភ្នំពេញ ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ ត្រូវបានរាជរដ្ឋាភិបាលអនុម័តជាផ្លូវការកាលពីចុងសប្តាហ៍ទី ២ នាខែធ្នូនេះដែលប្លង់គោលនេះត្រូវបានកំណត់លក្ខណវិនិច្ឆ័យចំនួន ១៤ ដើម្បីធ្វើឲ្យប្រសើរទ្បើងនូវការរៀបចំនគរូបនីយកម្មទីក្រុងភ្នំពេញ ដែលកំពុងមានកំណើនប្រជាសស្រ្ដ និងនគរូបនីយកម្ម។
យោងតាមប្រសាសន៍របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងនៅក្នុងទំព័របណ្តាញទំនាក់ទំនងសង្គម របស់លោកកាលពីថ្ងៃទី ១១ ខែធ្នូកន្លងមក បានឲ្យដឹងថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៥ បានអនុម័តទាំងស្រុងនូវសេចក្តីព្រាងអនុក្រិត្យស្តីពី «ការដាក់ឲ្យអនុវត្ដប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ ២០៣៥»។
យោងតាមមាត្រា ២ នៃអនុក្រិត្យលេខ ៧៧ អនប.ប្រ.ក ចុះថ្ងៃទី ៧ មិថុនាឆ្នាំ ២០១២ បានកំណត់ថា ប្លង់គោលប្រើប្រាស់ដីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាផែនការកំណត់ចក្ខុវិស័យ និងយុទ្ធសាស្រ្ដរួមសម្រាប់ការអភិវឌ្ឍផ្នែករូបវ័ន្ដហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍សំខាន់ៗ និងធ្វើសមាហរណកម្មថ្នាក់រាជធានី ថ្នាក់ស្រុក ថ្នាក់ខណ្ឌទៅនឹងតំបន់ និងថ្នាក់ជាតិ។
លោកបន្ដថា ៖ «គោលដៅប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ ២០៣៥ ជាឯកសារយុទ្ធសាស្រ្ដបម្រើឲ្យមហិច្ឆតារបស់រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញ មានគោលដៅ និងទស្សនវិស័យដល់ឆ្នាំ ២០៣៥ ក្នុងការគ្រប់គ្រង និងតម្រង់ទិសការអភិវឌ្ឍសេដ្ឋកិច្ចក្នុងព្រំប្រទល់រដ្ឋបាលរាជធានី និងតំបន់ប្រជុំជនពាក់ព័ន្ធទាំងទ្បាយនៅជាប់ជុំវិញ ឆ្លើយតបបាននឹងកំណើននៃការវិនិយោគឯកជន និងចំនួនប្រជាជនក្នុងរាជធានីតាមរយៈការតម្រង់ ទិស និងជំរុញការវិនិយោគសាធារណៈស្របតាមរបបសេដ្ឋកិច្ចទីផ្សារសេរី និងអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ»។
អភិបាលរាជធានីភ្នំពេញបានឲ្យដឹងទៀតថា ប្រជាជនសរុបនៅរាជធានីភ្នំពេញ មានចំនួន ១.៦៨៨.០៤៤ នាក់ (តាមការធ្វើអង្កេតប្រជាសាស្រ្ដកម្ពុជាឆ្នាំ ២០១៣ នៃក្រសួងផែនការ) ហើយអាចកើនដល់ ៣ លាននាក់នៅឆ្នាំ ២០២០ ។ កំណើននគរូបនីយកម្ម និងកំណើនការសាងសង់សំណង់ធំថ្មីៗលើសពី ៥ ជាន់មានប្រមាណ ៦២៨ អាគារ និងសំណង់បុរីចំនួន ១១០ ទីតាំង ពង្រាយនៅគ្រប់ខណ្ឌ ក្នុងក្រុង និងជាយក្រុង និងបានជំរុញការរីកទីក្រុងទៅតំបន់ខាងក្រៅចេញពីខណ្ឌកណ្តាលក្រុង ស្ទើរតែហួសពីតំបន់រដ្ឋបាលរបស់ខ្លួន។
ជាមួយគ្នានេះមធ្យោបាយដឹកជញ្ជូនក៏មានការរីកចម្រើនដោយមាន ចំនួនរថយន្ដ ៣៤ ម៉ឺនគ្រឿង និងទោចក្រយានយន្ដចំនួនជាង ១,៧០ លានគ្រឿង និងកំពុងបន្ដកើនទ្បើងជារៀងរាល់ថ្ងៃបង្កឲ្យមានការកកស្ទះចរាចរណ៍ និងការបំពុលបរិស្ថានគួរឲ្យកត់សម្គាល់ពី ១ ថ្ងៃទៅមួយថ្ងៃ។
លោក ប៉ា សុជាតិវង្ស បានបន្ដថា សេចក្តីព្រាងប្លង់គោលរាជធានីភ្នំពេញបានកំណត់លក្ខណៈវិនិច្ឆ័យលើ ១៤ ចំណុច ដូចជា ទី ១ ទម្រង់សេដ្ឋកិច្ចរាជធានីភ្នំពេញ ទី ២ ការដឹកជញ្ជូន ទី ៣ ទីផ្សារអចលនវត្ថុ ទី ៤ សង្កាត់មិនរៀបរយ ទី ៥ ការកកើតនិងការរីកចម្រើន របស់ទីក្រុងពីឆ្នាំ ១៨៥០ ដល់ឆ្នាំ ១៩៩៣ ទី ៦ លក្ខណៈសម្បត្តិរូប សាស្ត្រ និងតួនាទីលម្ហក្រុង ទី ៧ សន្ទុះនិងបុគ្គលិកលក្ខណភ្នំពេញ ទី ៨ ទេសភាព និងសមាសភាគទីក្រុង ទី ៩ កសិកម្មនិងនគរូបនីយកម្ម ទី ១០ ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង ទី ១១ មធ្យោបាយនិងសេវាសាធារណៈ ទី ១២ និន្នាការនិងទស្សនវិស័យនៃនគរូបនីយកម្មភ្នំពេញ និងទី ១៤ ទស្សនវិស័យសេដ្ឋកិច្ចសង្គម និងលំហ។
លោកទ្បុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងថា លោកមិនដឹងថា តើប្លង់គោលទីក្រុងទាំងមូលនឹងបញ្ចប់នៅពេលណានោះទេ ប៉ុន្តែបន្ទាប់ពីអនុម័តសេចក្តីព្រាងប្លង់គោល រាជរដ្ឋាភិបាលនឹងចេញអនុក្រិតថ្មីមួយដើម្បីប្រើប្រាស់ដីធ្លីឲ្យបានសមស្របនឹងផែនការអភិវឌ្ឍន៍ក្រុង។ ចំណែកការពង្រីកក្រុងបន្ថែមទៀត ឬយ៉ាងណាវាជាសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ។
លោកបន្តថា «ប្លង់គោលជាឯកសារដែលមានគោលដៅរៀបចំផែនការអភិវឌ្ឍក្រុងស្របតាមការរីកចម្រើនប្រជាសាស្ត្រ សេដ្ឋកិច្ចនិងនគរូបនីយកម្មទីក្រុង»។
ទោះជាយ៉ាងណាលោក ម៉េង ប៊ុណ្ណារិទ្ធ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា ប្លង់គោលដែលបានអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ ជាប្លង់គោលផ្លូវការរបស់ទីក្រុងហើយ ប៉ុន្តែវាមានលក្ខណៈជាប្លង់គោលនៅទ្បើយ ដែលមានន័យថា ជាប្លង់តម្រង់ទិសយុទ្ឋសាស្ត្រធំៗ មិនមែនជាប្លង់លម្អិតនោះទេ។ ក្រសួងត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តិលម្អិតមួយចំនួនទៀត ដើម្បីឲ្យការប្រើប្រាស់ដីធ្លីមានភាពកាន់តែច្បាស់លាស់។
លោកបន្តថា ក្នុងប្លង់គោលនេះបានរៀបចំរាជធានីភ្នំពេញ ប្រមាណ ១៥ តំបន់ខុសៗគ្នា ដូចជាតំបន់ពាណិជ្ជកម្ម តំបន់លំនៅឋាន តំបន់ឧស្សាហកម្ម តំបន់កសិកម្មតំបន់ដែលត្រូវអភិរក្សជាដើម ប៉ុន្តែនៅពេលប្លង់គោលនេះត្រូវសិក្សាលម្អិត តំបន់នីមួយៗអាចនឹងមានច្រើនជាងនេះ អាស្រ័យលើស្ថានភាពជាក់ស្តែង។
នៅពេលសាកសួរថា តើទីក្រុងភ្នំពេញនឹងត្រូវពង្រីកបន្ថែមទៀតឬយ៉ាងណា? លោក ម៉េង ប៊ុណ្ណារិទ្ធ បានថ្លែងថា «នៅពេលនយោបាយកម្ពុជា នៅតែមានស្ថិរភាព សេដ្ឋកិច្ចកម្ពុជាបន្តកើនទ្បើង និងមានកំណើននៃការអភិវឌ្ឍ ការពង្រីកក្រុងអាចត្រូវពិនិត្យតាមស្ថានភាពជាក់ស្តែងរៀងរាល់ ៥ ឆ្នាំម្តង»។ លោកបន្ថែមថា «ប្លង់របស់យើងអាចមានការលម្អៀង ដូច្នេះការពង្រីកទីក្រុងនឹងត្រូវសិក្សាទ្បើងវិញតាមស្ថានភាពជាក់ស្តែងនៃការរីកចម្រើននគរូបនីយកម្ម និងកំណើនប្រជាសាស្ត្រ»។
កាលពីដើមឆ្នាំនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាលារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំរួមគ្នា ដើម្បីលើកទ្បើងពីផែនការដាក់បញ្ចូលនូវឃុំមួយចំនួនក្នុងស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាលចូលមកស្ថិតក្រោមរដ្ឋបាលករាជធានីភ្នំពេញ ដោយផែនការនោះ បានលើកទ្បើងពីស្ថានភាពភូមិសាស្ត្រអំណោយផលរបស់តំបន់ខាងលើ ដែលអាចរៀបចំជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច ទេសចរណ៍ វប្បធ៌ម។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងថា នេះជាដំណឹងដ៏ល្អ ដែលយើងបានរង់ចាំរាប់ឆ្នាំមកហើយ។ គ្រប់ទីក្រុងធំៗនៅតាមបណ្តាប្រទេសនៅលើពិភពលោកសុទ្ធតែមានប្លង់គោល នៅទ្បើយតែកម្ពុជាមិនទាន់មាន។
ដូច្នេះការមានប្លង់គោលជាការប្រសើរណាស់ ព្រោះទី ១ អាចបង្ហាញពីរចនាសម្ព័ន្ធទីក្រុងច្បាស់លាស់ថា ត្រូវសាងសង់អ្វី និងជាការងាយស្រួលដែលយើងបង្ហាញពីប្លង់គោលទីក្រុងរបស់យើងទៅអ្នកវិនិយោគ ទី ២ អាចដឹងពីតំបន់ណាត្រូវធ្វើអ្វី និងកសាងអាគារកម្ពស់ប៉ុណ្ណា ទី ៣ អាចកាត់បន្ថយការសាងសង់សំណង់អាណាធិបតេយ្យ និងទី ៤ អាចកាត់បន្ថយផលរំខាននានាលើការសាងសង់លំនៅឋាន និងទ្រព្យសម្បត្តិសាធារណៈ។
លោក ឌីម៉ង់ បានពន្យល់ថា «ប្លង់គោលនេះបានចាប់ផ្តើមសិក្សាគម្រោងតាំងពីឆ្នាំ ២០០២ មកម្ល៉េះ ដោយក្រុមអ្នកជំនាញកម្ពុជាជាច្រើនក្រុម ដូចជា ក្រុមស្ថាបត្យករ ក្រុមនគរូបនីយកម្ម ក្រុមទេសភាពទីក្រុង ក្រុមអ្នកបរិស្ថាន ក្រុមវិស្វករ និងក្រុមអ្នកជំនាញផ្នែកវប្បធម៌ ជាដើម ដោយមានការផ្តល់យោបល់ពីក្រុមអ្នកជំនាញបារាំង»។
លោកបានបន្តថា ក្នុងអំឡុងពេលដំណើរការបង្កើតជាប្លង់គោលនេះមានការជជែកពិភាក្សាជាច្រើននៅក្នុងកិច្ចការនោះ «ដើ-ម្បីឲ្យប្រាកដថាលទ្ធផលចុងក្រោយនៃប្លង់គោលនោះ បង្កើតបានជាគម្រូសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយសុខដុមរមណីយក្នុងការរស់នៅ និងភាពរីកចម្រើនប្រកបដោយចីរភាព»។
សម្រាប់ការអនុវត្តតាមប្លង់មេនេះ «ឥឡូវនេះរាជរដ្ឋាភិបាល ទើបតែឯកភាពសម្រេចលើប្លង់ គោលនេះសម្រាប់យើងទាំងអស់គ្នាធ្វើការអភិវឌ្ឍទីក្រុងតាមនេះចាប់ ពីពេលនេះតទៅ។ វាគឺជាប្លង់គោល ជាផ្លូវការរបស់រាជរដ្ឋាភិបាល សម្រាប់យើង»។ នេះបើតាមប្រសាសន៍របស់លោក ឌីម៉ង់។ «យើង សង្ឃឹមការអនុវត្តតាមប្លង់មេនេះ» ហើយអ្នកពាក់ព័ន្ធក៏ដូចជាអ្នកចូល រួមទាំង ឡាយ រួមទាំងវិស័យឯកជន ក៏អនុវត្តតាមដែរ៕
ប្រភពដកស្រង់ពី៖ ភ្នំពេញប៉ុស្តិ៍