ក្រុងបាងកកៈ ភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ Standard & Poor (S&P) បានឲ្យដឹងថា អនុបាតប្រាក់ចំណេញខ្ពស់សម្រាប់ធនាគារពាណិជ្ជ ថៃ បង្ហាញពីប្រសិទ្ធភាពទាបនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុក្នុងស្រុក។
ក្រសួងហិរញ្ញវត្ថុ ថៃ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ទោះជាយ៉ាងនេះក្តីទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឥណទានអន្តរជាតិមួយនេះបានចាត់ទុកវិស័យធនាគារថៃនៅក្នុងក្រុមទី៦របស់ខ្លួន»។
ក្រោមប្រព័ន្ធវាស់វែងហានិភ័យរបស់ S&P នេះ ក្រុមទី ១ មានហានិភ័យទាបបំផុត និងក្រុមទី ១០ មានហានិភ័យខ្ពស់បំផុត។
ភ្នាក់ងារនេះក៏បានឲ្យដឹងផងដែរថា ការផ្តល់ឥណទានដល់វិស័យឯកជន បានកើនឡើងដល់ ១២៤ ភាគរយ នៃកំណើន ផ.ស.ស កាលពីឆ្នាំមុន។ ធៀបអត្រា ១០០ ភាគរយនៃកំណើន ផ.ស.ស ក្នុងឆ្នាំ ២០០៩។
យោងតាមទិន្នន័យធនាគារកណ្តាលថៃ បានបង្ហាញថា អនុបាតអត្រាការប្រាក់សុទ្ធរបស់ធនាគារពាណិជ្ជក្នុងរយៈពេល៩ខែដំបូងក្នុងឆ្នាំនេះ បានធ្លាក់ចុះពី២,៦ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកនៅត្រឹម២,៥ភាគរយ។
ក្រុមហ៊ុន S&P ព្យាករពីកំណើនផ.ស.សប្រចាំឆ្នាំពិតរបស់ថៃថាអាចនឹងសម្រេចបានកំណើន ៣-៤ ភាគរយក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។
ក្រុមហ៊ុនផ្តល់ចំណាត់ថ្នាក់ឥណទានមួយនេះ បានបញ្ជាក់ពីចំណាត់ថ្នាក់ឥណទានជារូបិយប័ណ្ណបរទេស BBB+/A-2 និងចំណាត់ថ្នាក់ឥណទានរដ្ឋាភិបាលជាប្រាក់បាត A-/A-2 សម្រាប់ប្រទេសថៃ។ ចក្ខុវិស័យស្តីពីចំណាត់ថ្នាក់ឥណទានរូបិយប័ណ្ណបរទេសក្នុងរយៈពេលវែងនិងចំណាត់ថ្នាក់ឥណទានរូបិយប័ណ្ណក្នុងស្រុករយៈពេលវែងមានស្ថិរភាព។
ក្រុមហ៊ុននេះក៏បានបញ្ជាក់ផងដែរពីចំណាត់ថ្នាក់វាស់វែងហានិភ័យប្រចាំតំបន់អាស៊ានសម្រាប់ប្រទេសថៃ គឺ axAA/axA-1។
ក្រុមហ៊ុន S&P ព្យាករថា ថវិកាចរន្តរបស់ប្រទេសថៃចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ នឹងវិលមករកអតិរេកជាង ៥ ភាគរយ នៃកំណើន ផ.ស.ស វិញ៕
Source From: Phnom Penh Post