ភ្នំពេញៈ គម្រោងប្រព័ន្ធធានារ៉ាប់រងកសិកម្មខ្នាតតូចកម្ពុជា (CAMIS) ដែលជាគំនិតផ្តួចផ្ដើមដោយអង្គការសេដាកមកដល់ពេលនេះទទួលបានប្រាក់ធានាភ័យ ៥ លានរៀលចាប់តាំងពីដំណើរការកាលពីពាក់កណ្តាលឆ្នាំ ២០១៥។ នេះបើយោងតាមលោក ហ៊ឹម នឿន ប្រធាន CAMIS។
គម្រោងនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ការធានារ៉ាប់រងខ្នាតតូចលើសេវាកសិកម្មខណៈបញ្ហាបម្រែបម្រួលអាកាសធាតុកំពុងគំរាមកំហែងដល់វិស័យកសិកម្មកម្ពុជាដែលមានប្រព័ន្ធធារាសាស្ត្រនៅទន់ខ្សោយ។ នេះជាគម្រោងសាកល្បងដែលមាននៅ ៣ ខេត្តគឺខេត្តតាកែវ កំពង់ស្ពឺ និងកំពង់ឆ្នាំង។
កសិករជាសមាជិកគម្រោងនេះដែលមាន ១៥៣ គ្រួសារត្រូវបង់ថ្លៃធានារ៉ាប់រងខុសគ្នាទៅតាមទំហំដី និងរួមទាំងការប្រើប្រាស់ពូជស្រូវដើម្បីកម្រិតហានិភ័យ។ ជាថ្នូរពួកគេទទួលបានការពិគ្រោះយោបល់ស្ដីពីបច្ចេកទេសធ្វើកសិកម្មដែលធុននឹងការប្រែប្រួលអាកាសធាតុនឹងសំណងពេលដំណាំកសិកម្មរងការខូចខាតដោយសារទឹកជំនន់ ឬភាពរាំងស្ងួត។
លោក ហ៊ឹម នឿន ឲ្យដឹងថាមកដល់ពេលនេះផ្ទៃដីដែលទទួលបានធានារ៉ាប់រងមាន ១៣៦ ហិកតា។
លោកបន្តថា៖ «កសិករមានទំនុកចិត្តច្រើនមកលើយើងព្រោះយើងបានផ្តល់នូវសេវាបច្ចេកទេសដើម្បីឲ្យគាត់ទទួលបានទិន្នផលច្រើនរួមទាំងមានការធានារ៉ាប់រងការខូចខាត»។
លោកបន្តថា៖ «ថវិកាដែលយើងទទួលបានពីគាត់ និងជួយគាត់វិញនៅពេលដែលគាត់ប្រឈមនឹងបញ្ហាខូចខាតដោយសារតែទឹកជំនន់ និងភាពរាំងស្ងួតដែលមិនអាចគិតទុកជាមុនដោយសារតែការប្រែប្រួលធាតុអាកាស»។ លោកថ្លែងថា ៨០ ភាគរយបានបម្រុងទុកសម្រាប់សំណងដល់ហើយកសិករដែលរងការខូចខាតពីគ្រោះរាំងស្ងួតមកដល់ពេលនេះមានចំនួន ២០ គ្រួសារ។ ក្នុងឆ្នាំ ២០១៦ CAMIS នឹងពង្រីកសមាជិកបន្ថែម ១ ៥០០ ។
លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាកមានប្រសាសន៍ថាគម្រោងនេះទទួលបានផលវិជ្ជាមានដោយមានការគាំទ្រពីកសិករច្រើន។ លោកបន្តថា៖ «កសិករទទួលបានជំនាញវិជ្ជាជីវៈក្នុងការបង្កបង្កើនផល និង ការរ៉ាប់រងនូវការខូចខាតរបស់ពួកគាត់នេះគម្រោងតែមួយក្នុងប្រទេសយើង។ យើងនឹងធ្វើការពង្រីកបន្ថែមគោលដៅក្នុងខេត្តដែលកំពុងប្រតិបត្តិការ និងពង្រីកទៅខេត្តមួយចំនួន»។
យោងតាមលោក ហ៊ឹម នឿន គម្រោងសាកល្បងនេះទទួលមានមូលនិធិ ៩៦ ០០០ ដុល្លារអាមេរិកបានពីមូលនិធិ Achmea របស់ប្រទេសហូឡង់ហើយនឹងត្រូវបានអនុវត្តដោយ CEDAC ក្នុងរយៈពេល ២ ឆ្នាំ។
លោក កែវ រ័ត្ន ជាសមាជិកម្នាក់នៅខេត្តតាកែវបានឲ្យដឹងថាលោកបានបង់ធានារ៉ាប់រងប្រហែល ៣០ ០០០ រៀលសម្រាប់ផ្ទៃដី ៧៣ អា។ លោកបន្តថាបន្ទាប់ពីបង់ថ្លៃសេវាលោកទទួលបានទីផ្សារពីសេដាក និងទទួលបានបចេ្ចកទេសក្នុងការធ្វើស្រែ។
កែវ រ័ត្ន បន្ថែមថា៖ «បន្ទាប់ពីកា្លយជាសមាជិកមកខ្ញុំទទួលបានបច្ទេកទេសក្នុងការធ្វើស្រែដែលខ្ញុំទទួលបានទិន្នផលស្រូវបានច្រើនហើយមានទីផ្សារសម្រាប់លក់ទៅឲ្យសេដាក» សេវាធានារ៉ាប់រងនេះធ្វើឲ្យខ្ញុំមិនសូវបារម្ភពីការខូចខាតច្រើន»៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍