នៅក្នុងកន្លែងការងាររបស់លោកអ្នក លោកអ្នកនឹងអាចសង្កេតឃើញថា មានបុគ្គលិកមួយចំនួនបានយកចិត្តទុកដាក់ និង បំពេញការងារល្អប្រសើរ ខណៈដែលបុគ្គលិកផ្សេងទៀតហាក់មិនសូវយកចិត្តទុកដាក់ការងារនោះឡើយ។
សម្រាប់បុគ្គលិកល្អ ភាគច្រើនត្រូវបានគេទទួលស្គាល់ថា ជាបុគ្គលិកដែលស្រលាញ់ការងារ និង គួរយកគំរូតាមដែលមានសញ្ញាណចំនួន ៩ ខាងក្រោមនេះ៖
១) ធ្វើការដោយមិនរង់ចាំថ្ងៃចុងសប្ដាហ៍ចូលមកដល់
នៅពេលដែលអ្នកស្រលាញ់ការងាររបស់អ្នក នោះការបំពេញការងាររបស់អ្នកនឹងពោរពេញដោយសក្ដានុពលទោះបីជាលំបាកយ៉ាងណាក៏ដោយ មិនដេករង់ចាំថ្ងៃចុងសប្ដាហ៍ឲ្យចូលមកឆាប់ៗនោះឡើយ។
២) មកធ្វើការលឿនមុនម៉ោង និង ចាកចេញក្រោយម៉ោង
ការមកធ្វើការលឿនមុនម៉ោងជាប្រចាំ គឺជាសញ្ញាណមួយទៀតបញ្ជាក់ថា អ្នកគឺជាបុគ្គលិកដែលស្រលាញ់ការងារ និង ចិត្តទុកដាក់ការងារ ខណៈដែលបុគ្គលិកឯទៀតមកធ្វើការយឺត។
៣) មិនត្អូញត្អែរនឹងការងារ តែបង្ហាញភាពរីករាយនឹងការងារ
កិច្ចការជាច្រើនដែលអ្នកបំពេញ គឺជាមោទនភាពរបស់អ្នក មិនថាការងារនោះលំបាក ឬ ងាយស្រួលយ៉ាងណានោះទេ។ នៅគ្រប់ស្ថានភាព អ្នកបានបំពេញការងារដោយរីករាយជាមួយក្រុមការងារឯទៀតយ៉ាងរលូនហាក់មិនមានឧបសគ្គអ្វីនោះឡើយ។
៤) ដាក់ភាពជោគជ័យជាគោលដៅអាទិភាព
ខុសពីក្រុមការងារទូទៅដែលគិតតែបំពេញការងារសម្រេចឲ្យបានមួយគ្រាៗ បើអ្នកជាបុគ្គលិកស្រលាញ់ការងារ អ្នកនឹងដាក់ភាពជោគជ័យជាគោលដៅរបស់អ្នកទោះបីជានៅឆ្ងាយប៉ុណ្ណាក៏ដោយ ។
៥) មិនអង្គុយចាំមើលតែម៉ោង តែធ្វើការប្រជែងជាមួយពេលវេលា
នៅពេលដែលអ្នកដាក់ចិត្តដាក់កាយជាមួយនឹងការងារខ្លាំង ពេលវេលាហាក់ដើរលឿនណាស់ តែនេះគឺជារឿងមោទនភាព ព្រោះអ្នកបានផ្តោតលើការងារជាសំខាន់។ នេះនឹងបញ្ជាក់ថា អ្នកបានឲ្យតម្លៃលើការងារ ហើយពេលវេលាទាំងនោះនឹងមិនរំលងដោយឥតប្រយោជន៍។
៦) បង្ហាញការទទួលខុសត្រូវជាជាងការបារម្ភទៅនឹងបន្ទុកការងារ
ការងារច្រើន គ្មានពេលទំនេរ តែទោះជាយ៉ាងណាអ្នកនៅតែជាបុគ្គលិកមានការទទួលខុសត្រូវខ្ពស់ជានិច្ច។ អ្នកប្រៀបបានដូចជាមនុស្សម្នាក់ដែលមានការស្រេកឃ្លានខ្លាំងនឹងការងារ ចង់ធ្វើការគ្មានដែនកំណត់។
៧) មិនត្អូញត្អែរនឹងក្រុមហ៊ុន តែសប្បាយរីករាយជាមួយក្រុមការងារ
នៅកន្លែងការងារ នៅពេលដែលអ្នកជាមនុស្សដែលស្រលាញ់ការងារ ភាពត្អូញត្អែររបស់អ្នកចំពោះក្រុមហ៊ុនហាក់ជានៅឆ្ងាយបន្តិច។ ប៉ុន្តែនេះមិនមែនជាអ្វីដែលអ្នកយកចិត្តទុកដាក់នោះទេ។ ប៉ុន្តែផ្ទុយទៅវិញ អ្នកបង្ហាញអារម្មណ៍រីករាយជាមួយក្រុមការងារ ដែលជាផ្នែកមួយជំរុញភាពស្រស់ស្រាយនៅកន្លែងការងារ។
៨) មិនបដិសេធន៍ជួយក្រុមការងារ
រៀងរាល់មានសំណើនានាដាក់ចេញឡើង អ្នកជាបុគ្គលិកដំបូងគេដែលចេញមុខមកជួយដោយមិនស្ទាក់ស្ទើរ។ នេះជាការងារទី២ ដែលអ្នកបានធ្វើដើម្បីចែករំលែកការទទួលខុសត្រូវនៅក្នុងក្រុមហ៊ុន។
៩) អ្នកមិនគេចចេញពីបង្ហា តែគ្រប់គ្រងវាយ៉ាងមានប្រសិទ្ធភាព
នៅកន្លែងការងារជៀសមិនផុតពីបញ្ហា ឬ ឧបសគ្គនានាកើតមានឡើង។ ប៉ុន្តែបើនេះមិនមែនជាបញ្ហារបស់អ្នក ហើយអ្នកបានទទួលយកវាមកដោះស្រាយដោយក្លាហាន នោះបញ្ជាក់ថា អ្នកជាបុគ្គលិកដែលស្រលាញ់ការងារហើយ៕
Source: Thebnews.com