ភ្នំពេញៈ ខណៈអាជីវកម្មសេវាផ្ទេរប្រាក់នៅកម្ពុជាកំពុងកើនឡើងក្រុមហ៊ុន TrueMoney Cambodia Company Limited កាលពីថ្ងៃម្សិលមិញបានប្រកាសពីទឹកប្រាក់វិនិយោគ ១៥ លានដុល្លារនៅក្នុងទីផ្សារដែលពេញនិយមមួយនេះ។
លោក គង់ មាន នាយកពាណិជ្ជកម្មរបស់ក្រុមហ៊ុន True Money ដែលស្ថិតក្រោមក្រុមហ៊ុន Ascend Group ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CP Group របស់ប្រទេសថៃបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថាឱកាសទីផ្សារច្រើនរបស់កម្ពុជាបានជំរុញឲ្យ True Money សម្រេចចូលមកកម្ពុជា។
លោកថ្លែងថា៖ «យើងមើលឃើញឱកាសនេះយើងមើលឃើញប្រជាជនប្រឈមនឹងហានិភ័យ [ចំពោះសេវាក្រៅផ្លូវការ] ដូច្នេះ True Money [វិនិយោគលើសេវានេះ]»។
លោកបានបន្តថាប្រជាជនកម្ពុជាប្រហែល ៩០ ភាគរយក្នុងចំណោមប្រជាជនសរុបគ្មានគណនីធនាគារដែលចំណុចនេះក៏ជាមូលហេតុជំរុញឲ្យ True Money ចាប់យកទីផ្សារកម្ពុជា។ លោកថ្លែងថា៖ «[សេវានេះ] គាំទ្រជីវិតរបស់ពួកគេធ្វើឲ្យជីវិតរបស់ពួកគេកាន់តែប្រសើរមានភាពងាយស្រួលមានសន្តិសុខ និងមានហានិភ័យទាប»។
យោងតាមរបាយការណ៍មួយរបស់ធនាគារពិភលោកគិតត្រឹម ២០១៣ ប្រជាជនកម្ពុជាអាយុលើសពី ១៥ ឆ្នាំដែលមានគណនីក្នុងគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់មានចំនួនតែ ៣,៧ ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនសរុប។
សម្រាប់ការវិនិយោគដំណាក់កាលដំបូងក្រុមហ៊ុន TrueMoney នឹងផ្តោតសំខាន់ទៅលើសេវាផ្ទេរប្រាក់ខណៈដំណាក់កាលបន្ទាប់ក្រុមហ៊ុននេះនឹងបម្រើសេវាផ្ទេរប្រាក់រវាងប្រទេសកម្ពុជា និងថៃ និងពង្រីកបណ្តាញផ្ទេរប្រាក់នៅទូទាំងតំបន់អាស៊ាននៅក្នុងឆ្នាំ ២០១៦។ បច្ចុប្បន្នក្រុមហ៊ុននេះមានវត្តមានក្នុងប្រទេសថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាមរួចហើយ។
លោកថ្លែងថា៖ «១៥ លានដុល្លារនេះគឺជាចំណុចចាប់ផ្តើម។ យើងមានផែនការពង្រីកបណ្តាញសេវាផ្ទេរប្រាក់ជាលក្ខណៈអន្តរជាតិក្នុងពេលឆាប់ៗហើយនៅក្នុងឆ្នាំ ២០១៦ យើងនឹងបញ្ចប់ [ការពង្រីកសេវា] ក្នុងប្រទេសនៅអាស៊ាន»។
ទោះបីលោកមិនបានប្រាប់ពីតម្លៃសេវាផ្ទេរប្រាក់ក្តីប៉ុន្តែលោកអះអាងថា TrueMoney នឹងផ្តល់ថ្លៃសេវាផ្ទេរប្រាក់ដែលអាចទទួលយកបានសម្រាប់អតិថិជនស្របតាមទីផ្សារបច្ចុប្បន្ន។
លោកថ្លែងថា៖ «យើងមិនចង់ផ្តោតលើសង្គ្រាមតម្លៃនៅលើទីផ្សារទេ។ យើងនឹងផ្តោតលើគុណភាពផលិតផល និងសេវាកម្ម និងភ្នាក់ងាររបស់យើង»។ លោកបន្ថែមថា៖ «[ក្រុមហ៊ុន] នឹងបង្កើតបណ្តាញភ្នាក់ងារធំបំផុតជាជម្រើសទីមួយនៃដំណោះស្រាយចំណាយ និងបង្កើតភាពជាដៃគូឲ្យបានច្រើន»។
ការចូលក្នុងទីផ្សារកម្ពុជារបស់ True Money បានធ្វើឲ្យក្រុមហ៊ុននេះក្លាយជាភ្នាក់ងារបម្រើសេវាប្រភេទនេះទី ៥ បន្ទាប់ពីក្រុមហ៊ុន វីង អេអឹមខេ អ៊ីម៉ាន់ និងអាស៊ីវេលុយ។ ក្រៅពីសេវាផ្ទេរប្រាក់ក្រុមហ៊ុននេះក៏មានបម្រើសេវាផ្សេងៗទៀតផងដែរដូចជាបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ និងលក់ឆ្នោត បង់ថ្លៃសេវាទឹកភ្លើង ទូរទស្សន៍ខ្សែកាប អ៊ីនធឺណិត និងការចំណាយផ្សេងៗតាមរយៈគណនីរបស់ក្រុមហ៊ុននេះ។
លោក ជា រតនា នាយកប្រតិបត្តិធនាគារចល័ត និងគ្រប់គ្រងបណ្តាញនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ជាប្រតិបត្តិករសេវាផ្ទេរប្រាក់ អេអឹមខេ ដែលមានភ្នាក់ងារ ២ ៥០០ នៅទូទាំងប្រទេសបានថ្លែងថាការមានសេវាថ្មីបន្ថែមទៀតនឹងជារឿងល្អសម្រាប់អតិថិជនហើយនឹងជួយជំរុញឲ្យមានការផ្លាស់ប្តូរគុណភាពសេវាក្នុងវិស័យនេះ។
លោកបន្តថា៖ «សម្រាប់អតិថិជនគឺជាកត្តាល្អមួយសម្រាប់គាត់។ គាត់អាចមានជម្រើសច្រើនហើយរើស [សេវា] ណាដែលល្អប្រសើរ»។
ក្រៅពីសហការជាមួយធនាគារ Phillip Bank ក្នុងការផ្តល់សេវាផ្ទេរប្រាក់នេះក្រុមហ៊ុន True Money ក៏កំពុងសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចំនួនបីរួមមាន Metfone, Smart, qb និងកំពុងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនពីរបន្ថែមទៀតគឺក្រុមហ៊ុន CoolTel និង SeaTel ដើម្បីផ្តល់សេវាផ្សេងៗ។
បច្ចុប្បន្នក្រុមហ៊ុន TrueMoney មានភ្នាក់ងារចំនួន ៥ ពាន់កន្លែងនៅទូទាំងប្រទេសដើម្បីផ្តល់សេវាដែលក្រុមហ៊ុនមានហើយក្រុមហ៊ុននេះគ្រោងនឹងបើកប្រតិបត្តិការនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៦។
អ្នកស្រី ថន សុវណ្ណារី ភ្នាក់ងារផ្ទេរប្រាក់របស់ក្រុមហ៊ុន វីង បានឲ្យដឹងថាអតិថិជនរបស់អ្នកស្រីបានធ្លាក់ចុះពីប្រហែល ៤៥០ នាក់ក្នុងមួយថ្ងៃមកត្រឹមប្រហែល ១៣០ នាក់ប៉ុណ្ណោះចាប់ពីមានក្រុមហ៊ុនផ្តល់សេវាថ្មីៗចូលមក។ អ្នកស្រីថ្លែងថា៖ «[អតិថិជន] ធ្លាក់ដោយសារមានអ៊ីម៉ាន់នីហើយក្រុមហ៊ុនវីងដាក់ភ្នាក់ងារបន្ថែមទៀត»។
អ្នកស្រីថ្លែងថាបើក្រុមហ៊ុន TrueMoney បើកដំណើរការនៅដំណាក់កាលដំបូងប្រហែលជាមិនធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មរបស់អ្នកស្រីទេតែវានឹងប៉ះពាល់ប្រសិនបើក្រុមហ៊ុនថ្មីនេះពង្រីកឥទ្ធិពលទីផ្សាររបស់ខ្លួន។
បាងកក ប៉ុស្តិ៍ រាយការណ៍ថា TrueMoney មានផែនការពង្រីកវត្តមានរបស់ខ្លួននៅទូទាំងតំបន់អាស៊ានតាមរយៈការទិញយកក្រុមហ៊ុននានា និងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍