ក្រុងឡាសវេហ្គាសៈ កាលពីថ្ងៃម្សិលមិញក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកធំជាងគេរបស់ប្រទេសចិន Huawei បានតម្រង់គោលដៅមករកផ្នែកគ្រឿងអេឡិចត្រូនិកតម្លៃខ្ពស់ដែលទីផ្សារនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Apple តាមរយៈការដាក់បង្ហាញទូរស័ព្ទទំនើបអេក្រង់ធំថ្មីជាមួយនឹងកុំព្យូទ័រថេប្ល៊ិត និងនាឡិកាដៃទំនើបគុណភាពខ្ពស់។
ខណៈក្រុមហ៊ុននេះបានដាក់បង្ហាញទូរស័ព្ទទំនើបស៊េរីចុងក្រោយរបស់ខ្លួនដែលមានឈ្មោះថា Mate 8 នៅក្នុងពិធីពិព័រណ៍គ្រឿងអេឡិចត្រូនិកប្រើប្រាស់នោះក្រុមហ៊ុន Huawei បានឲ្យដឹងថាក្រុមហ៊ុនរបស់ខ្លួនមើលឃើញមាគ៌ាមួយដើម្បីក្លាយជាក្រុមហ៊ុនចែកចាយពិភពលោកទីពីរក្នុងវិស័យនេះពោលគឺជាតំណែងមួយដែលបច្ចុប្បន្នត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Apple នៅអាមេរិក។
លោក Richard Yu ប្រធានផ្នែកគ្រឿងអេឡិចត្រូនិកប្រើប្រាស់ប្រចាំក្រុមហ៊ុន Huawei បានឲ្យដឹងថា៖ «រៀងរាល់ឆ្នាំ និងរាល់ខែយើងនឹងបង្កើនចំណែកទីផ្សាររបស់យើង»។
លោកមានប្រសាសន៍ថា៖ «ក្នុងរយៈពេលពីរបីឆ្នាំខាងមុខនេះយើងជឿថាយើងនឹងអាចក្លាយជាក្រុមហ៊ុនទីពីររបស់ពិភពលោក»។
ក្នុងពិធីពិព័រណ៍នេះក្រុមហ៊ុន Huawei បានប្រកាសពីការដាក់ដំណើរការទូរស័ព្ទគុណភាពខ្ពស់របស់ខ្លួនដោយបានអះអាងពីគុណភាពកាន់តែប្រសើរ និងកាន់ថ្មបានយូរជាងទូរស័ព្ទដែលផលិតដោយក្រុមហ៊ុនដែលជាគូប្រជែងដូចជាក្រុមហ៊ុន Apple និងSamsung ជាដើម។
លោក Kevin Ho ដែលដឹកនាំផ្នែកប្រតិបត្តិការទូរស័ព្ទប្រចាំក្រុមហ៊ុន Huawei មានប្រសាសន៍ថាដោយមានអេក្រង់ទំហំ ៦ អ៊ិញទូរស័ព្ទនេះនៅមានរូបរាងតូច និងស្តើងជាងទូរស័ព្ទដែលមានលក្ខណៈស្រដៀងគ្នា។
ទូរស័ព្ទម៉ូដែល Mate 8 នេះនឹងដាក់បង្ហាញនៅតាមប្រទេសចំនួន ៣០ តែមិននៅអាមេរិកទេដោយដាក់លក់ក្នុងតម្លៃ ៥៩៩ អឺរ៉ូ (៦៥០ ដុល្លារ) តម្លៃប្រហាក់ប្រហែលនឹងទូរស័ព្ទទំនើបមួយចំនួនរបស់ក្រុមហ៊ុន Apple និង Samsung ដែរ។
ទីផ្សារដំបូងដែលទូរស័ព្ទម៉ូដែល Mate 8 នឹងត្រូវដាក់បង្ហាញគឺនៅតំបន់អឺរ៉ុប អាមេរិកឡាទីន មជ្ឈិមបូព៌ា និងតំបន់អាស៊ី។
លោក Ho មានប្រសាសន៍ថាទូរស័ព្ទស៊េរីថ្មីនេះកាន់ថ្មបានយូរជាងពីរថ្ងៃ។ ទូរស័ព្ទនេះមានប្រព័ន្ធសម្គាល់អត្តសញ្ញាណស្នាមម្រាមដៃសម្រាប់សេវាទូទាត់ប្រាក់ម៉ាស៊ីនថត និងបច្ចេកវិទ្យាថតសំឡេង ដែលមានគុណភាពកាន់តែប្រសើរ។
លោក Ho បានបន្តឲ្យដឹងថាក្រុមហ៊ុន Huawei បានផលិតសំណុំបន្ទះឈីបរបស់ខ្លួនផ្ទាល់សម្រាប់ទូរស័ព្ទនេះដោយធានាថាទូរស័ព្ទនឹងនៅតែត្រជាក់បើទោះជាដំណើរការច្រើនក៏ដោយ។
លោកមានប្រសាសន៍ទៀតថា៖ «ការដំណើរការច្រើនមិនមែនមានន័យថាទូរស័ព្ទនឹងក្តៅរហូតនោះទេ»។
ក្រុមហ៊ុន Huawei បានបង្កើនចំណែកទីផ្សារទូរស័ព្ទទំនើបទូទាំងពិភពលោករបស់ខ្លួនដល់ ៧,៧ ភាគរយនៅត្រីមាសទីបីនៅពីក្រោយក្រុមហ៊ុន Samsung និងក្រុមហ៊ុន Apple នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ Gartner។
ក្រុមហ៊ុននេះបានដណ្តើមយកតំណែងនាំមុខនៅប្រទេសចិនពីក្រុមហ៊ុន Samsung តែការលក់នៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុននេះនៅមានកម្រិតនៅឡើយរហូតដល់មានកិច្ចព្រមព្រៀងនាពេលថ្មីៗនេះរបស់ខ្លួនក្នុងការផលិតទូរស័ព្ទម៉ូដែល Nexus ឲ្យក្រុមហ៊ុន Google។
លោក Yu មានប្រសាសន៍ថាប្រាក់ចំណូលសរុបដែលបានមកពីគ្រឿងអេឡិចត្រូនិកប្រើប្រាស់របស់ក្រុមហ៊ុន Huawei បានកើនឡើង ៧០ ភាគរយនៅឆ្នាំ ២០១៥ ដល់ជាង ២០ ពាន់លានដុល្លារដោយសារក្រុមហ៊ុននេះបាននាំចេញទូរស័ព្ទចំនួន ១០៨ លានគ្រឿង។
លោកបានបន្តឲ្យដឹងថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុន Huawei បានបង្កើនការយល់ដឹងពីម៉ាកផលិតផលពិភពលោករបស់ខ្លួន និងទទួលបានទំនុកចិត្តពីអតិថិជន។ កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Huawei ត្រូវបានបំផ្លាញកាលពីប៉ុន្មានឆ្នាំមុននៅពេលមានក្តីបារម្ភអំពីទំនាក់ទំនងរបស់ក្រុមហ៊ុននេះនឹងរដ្ឋាភិបាលចិន។
លោក Yu ថ្លែងថា៖ «យើងបានបង្កើនទំនុកចិត្តពីអតិថិជនឡើងវិញហើយ»។
ក្រុមហ៊ុន Huawei ក៏បានដាក់បង្ហាញកុំព្យូទ័រថេប្ល៊ិតមានអេក្រង់ទំហំ ១០ អ៊ិញដែលទំនងជាត្រូវបានផលិតឡើងធ្វើជាគូប្រជែងនឹង iPad។
កុំព្យូទ័រម៉ូដែល MediaPad M210 នឹងដាក់លក់នៅសហរដ្ឋអាមេរិក និងតាមទីផ្សារជាង ២០ កន្លែងផ្សេងទៀតនូវតម្លៃចាប់ពី ៣៤៩ ដុល្លារ។
Huawei ក៏បានដាក់បង្ហាញនាឡិកាដៃទំនើបស៊េរីថ្មីចំនួនពីរផងដែរគឺម៉ូដែល Jewel និងម៉ូដែល Elegant ដែលទំនងជាមានបំណងដណ្តើមចំណែកទីផ្សារផលិតផលតម្លៃខ្ពស់ដែលគ្រប់គ្រងដោយនាឡិកាដៃ Apple Watch។
ដោយមានគោលបំណងចាប់យកអតិថិជនជាស្ត្រីនាឡិកាស៊េរីថ្មីទាំងពីរម៉ូដែលនេះមានតម្លៃ ៤៩៩ ដុល្លារ និង ៥៩៩ ដុល្លារ។ នាឡិកាដៃម៉ូដែល Jewel ត្រូវបានផលិតឡើងដោយមានការសហការជាមួយនឹងក្រុមហ៊ុន Swarovski និងបំពាក់ត្បូងកញ្ចក់មានមុខកាត់ដូចគ្រាប់ពេជ្ររបស់ក្រុមហ៊ុនអឺរ៉ុប Zirconia នៅជុំវិញមុខនាឡិកា៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍