១) ការស្ដាប់
ប្រសិនបើអ្នកចង់ក្លាយជាអ្នកដែលពូកែស្តាប់ គឺ ងាយស្រួលបំផុត គឺអ្នកមិនត្រូវនិយាយអ្វីទាំងអស់ពេលនរណាម្នាក់កំពុងនិយាយពីរឿងអ្វីមួយ ព្រោះពាក្យថា ស្តាប់ ត្រូវបានគេផ្តល់អត្ថន័យ ដូចទៅនឹងពាក្យថាស្ងៀមស្ងាត់ដែរ។
២) ការរៀបចំពេលវេលា
លោក Warren Buffett ដែលជាមហាសេដ្ឋីកំពូលមួយរូបរបស់ពិភពលោក បានថ្លែងថា ភាពខុសគ្នារវាងមនុស្សជោគជ័យ និង មនុស្សជោគជ័យខ្លាំង គឺនៅត្រង់ថា មនុស្សជោគជ័យខ្លាំងពួកគេតែងនិយាយពាក្យថា ទេ ស្ទើរតែគ្រប់រឿង ដោយពួកគេផ្តោតសំខាន់ទៅលើតែរឿងសំខាន់បំផុតប៉ុណ្ណោះសម្រាប់ពួកគេ។
៣) ភាពស្មោះត្រង់
ដើម្បីបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន អ្នកគួរតែចេះ វាយតម្លៃនិងរិះគន់មនុស្សដែលអ្នកខ្វល់ខ្វាយ ដោយនាំឲ្យពួកគេដើរលើផ្លូវ។ ដូច្នេះភាពស្មោះត្រង់ គឺជាការបង្ហាញធាតុពិតរបស់មនុស្សថាយើងពិតជាចង់ជួយគេ ចេញពីចិត្ត ដោយភាពស្មោះត្រង់ទាំងឡាយមិនគួរធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។
៤) កុំបង្អង់ពេលវេលាច្រើនពេកក្នុងការធ្វើរឿងអ្វីមួយ
ការបង្អង់ពេលវេលាច្រើនពេកក្នុងការធ្វើអ្វីមួយយូរៗទៅ អ្នកនឹងត្រូវបោះបង់ចោលនូវការធ្វើរឿងល្អឥតខ្ចោះ ណាមួយសម្រាប់ខ្លួនឯង និងធ្វើឲ្យអ្នកបាត់បង់ការផ្តោតយកចិត្តទុកដាក់ ទៅលើកិច្ចការងារនៅពេលខាងមុខបន្តទៀត។ ដូច្នេះទោះបីលទ្ធផលកិច្ចការងារល្អឬមិនល្អវានឹងអាចជួយឲ្យអ្នកទទួលបានលទ្ធផលប្រសើរនៅពេលខាងមុខ ប្រសើរជាងអ្នកទុកវាចោលមិនធ្វើអ្វីសោះ។
៥) ការស្នើសុំជំនួយ
កំហុសដ៏ធំបំផុតរបស់មនុស្សគឺការស្នើសុំជំនួយពីមនុស្សជោគជ័យ ឲ្យមកធ្វើការងារធម្មតាជាមួយពួកគេ សម្រាប់ការសុំជំនួយដ៏ល្អគឺតាមរយៈការប្រឹក្សាយោបល់ គំនិត ដើម្បីខ្លួនអ្នកយកទៅអនុវត្តន៍ ដែលវាជាកត្តាជួយសំលៀងជំនាញរបស់អ្នកបានមួយកម្រិតទៀត។
៦) របៀបនៃការគ្រប់គ្រង ស្ត្រេស
ដើម្បីកុំឲ្យស្ថានភាពតានតឹង ឬ ស្ត្រេសខ្លាំងក្នុងអារម្មណ៍ មកធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងាររបស់អ្នក អ្នកគួរតែចេះប្រើប្រាស់ ស្ថានភាពទាំងនោះបង្វែរទៅជារបស់ជួយជំរុញអ្នកបន្ថែមទៀតដើម្បីបំពេញភារកិច្ចក្នុងស្ថានភាពរងសម្ពាធខ្លាំង។
៧) ការអានសៀវភៅ
សៀវភៅនិមួយៗប្រមូលផ្តុំដោយ ប្រធានបទជាច្រើនរឿង ដូច្នេះដើម្បីធ្វើឲ្យការអានសៀវភៅរបស់អ្នកប្រកបដោយប្រសិទ្ធភាពអ្នកគួរចំណាយពេល ៣០ នាទីមើលពីមាតិកានៃសៀវភៅ រួចហើយធ្វើការកត់សម្គាល់រួចចំណុចសំខាន់ដែលអ្នកចង់បាន មធ្យោបាយនេះអាចធ្វើឲ្យអ្នកអានចំកន្លែងដែលអ្នកចង់ដឹង។